ថ្វាយបង្គំព្រះរតនត្រ័យ

១-សូមថ្វាយបង្គំព្រះសម្ពុទ្ធ ប្រសើរបំផុតក្នុងលោកា​
ជាគ្រូនៃមនុស្សនិងទេព្តា ទ្រង់ត្រាស់ទេស្នាប្រដៅសត្វ ។​
ចង្អុលឲ្យដើរផ្លូវកណ្តាល មាគ៌ាត្រកាលអាចកម្ចាត់​
ទុក្ខភ័យចង្រៃឲ្យខ្ចាយបាត់ អាចកាត់សង្សារទុក្ខបាន ។

​២.សាសនាព្រះអង្គនៅសព្វថ្ងៃ សត្វមាននិស្ស័យពីបុរាណ​
ប្រឹងរៀនប្រឹងស្តាប់ចេះចាំបាន កាន់តាមលំអានបានក្តីសុខ។​​​​
ឥតមានសុខណាស្មើក្តីស្ងប់ បញ្ចប់ត្រឹមសុខឃ្លាតចាកទុក្ខ​
តាំងពីលោកនេះតទៅមុខ ក្តីសុខនឹងមានព្រោះធម៌ស្ងប់។​

៣.ខ្ញុំសូមបង្គំឆ្ពោះព្រះធម៌ ព្រះសង្ឃបវរទាំងសព្វគ្រប់
រួមជាត្រៃរ័ត្នគួរគោរព ជាម្លប់ត្រជាក់នៃលោកា​​​​
ព្រះរូបព្រះធាតុនៃព្រះពុទ្ធ វិសុទ្ធតាងអង្គព្រះសាស្តា​ ​​​​​​
សូមគុណត្រៃរ័ត្នជួយខេមរា ឲ្យបានសុខាតរៀងទៅ ៕

ព្រះនិព្វន្តសមេ្តចព្រះសង្ឃរាជជួន ណាត