ព្រះសង្ឃ​វត្ត បទុមវតី ថា​អាជ្ញាធរ​ធ្វើ​សកម្មភាព​បំភិត​បំភ័យ

ព្រះសង្ឃ​វត្ត បទុមវតី ថា​អាជ្ញាធរ​ធ្វើ​សកម្មភាព​បំភិត​បំភ័យ

131017_08

ព្រះ​ភិក្ខុ​ ប៊ុត គឹមតេង ស្ថាបនិកនៃ​បណ្តាញ​សង្ឃឯករាជ្យ ក្នុង​សន្និសីទ​កាសែត​ កាល​ពីថ្ងៃអង្គារ​។ រូបថត ហុង មិនា​

ភ្នំពេញៈ ក្នុង​អំឡុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​អង្គារ ស្ថាបនិក​នៃ​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ មាន​សង្ឃដីកា​ថា មន្រ្តី​នគរបាល​ប្រមាណ ៣០ នាក់​បាន​ទៅ​កាន់​វត្ត បទុមវតី ចំនួន​ពីរ​ដង ក្នុង​សប្តាហ៍​មុន ហើយ​បាន​សុំ​ឆែក​ឆេរ​ដើម្បី​រក «មនុស្ស​អាក្រក់» ដែល​គេ​អះអាង​ថា កំពុង​លាក់​ខ្លួន​ក្នុង​ទី​អារ៉ាម​ក្នុង​រាជធានី​មួយ​នេះ។

ភិក្ខុ​នាម ប៊ុត គឹមតេង ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ មាន​ថេរដីកា​ឲ្យ​ដឹង​ថា ការ​ចុះ​ប្រតិបត្តិការ​ឆែកឆេរ​នោះ​សមត្ថកិច្ច​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ ទី ៩ ម្តង និង ទី១៤ ខែ តុលា ម្តង​ទៀត ហើយ​ថា ទាំង​ពីរ​យប់​នោះ​មន្រ្តី​នគរបាល​ដែល​ស្លៀកពាក់​ស៊ីវិល​ធម្មតា ចូល​មក​ក្នុង​វត្ត​នៅ​ម៉ោង​ជាង ៨ យប់ និង​បាន​ចេញ​ទៅ​វិញ​ដោយ​មិន​បាន​ឆែក​ឆេរ​អ្វី​ក្នុង​វត្ត​ទេ។

ព្រះ​តេជគុណ ប៊ុត គឹមតេង បន្ត​ថា៖ «ពួក​គេ​គ្រាន់​តែ​ប្រាប់​ទៅ​ព្រះសង្ឃ​ក្នុង​វត្ត​ថា «យើង​ចង់​ពិនិត្យ​មើល​វត្ត» ប៉ុន្តែ​មិន​បាន​ពិនិត្យ​ឆែកឆេរ​អ្វី​ទេ»។

ព្រះ​ភិក្ខុ​សង្ឃ​អង្គ នេះ បាន​ហៅ​សកម្មភាព​សមត្ថកិច្ច​ចុះ​ទៅ​ក្នុង​វត្ត​នៅ​ពេល​យប់​បែប​នេះ​ថា ជា​ការ​ប៉ុន​ប៉ង​មួយ​របស់​អាជ្ញាធរ ដើម្បី​បំភិត​បំភ័យ​ថែម​ទៀត ទៅ​លើ​ព្រះសង្ឃ​ដែល​បញ្ចេញ​សំឡេង​អំពី​បញ្ហា​នយោបាយ។ សង្ឃ​អង្គ​នេះ​បាន​បញ្ជាក់​ថា៖ «អាត្មា​បារម្ភ​ខ្លាំង​ណាស់​អំពី​សន្តិសុខ​របស់​ព្រះសង្ឃ​នា​ពេល​បច្ចុប្បន្ន​នេះ»។

ប៉ុន្តែ នៅ​ពេល​សាក​សួរ​កាល​ពី​ថ្ងៃ​អង្គារ លោក ជួន ចិត្ត នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់ ចតុមុខ បាន​បញ្ជាក់​ថា សមត្ថកិច្ច​នគរបាល​មិន​បាន​ចូល​ទៅ​ក្នុង​វត្ត បទុមវតី ទាំង​យប់ ដូច​ការ​អះអាង​របស់​ភិក្ខុ ប៊ុត គឹមតេង ទេ។ តែ​ទោះ​ជា​យ៉ាង​ណា កម្លាំង​នគរបាល​និង​កង​រាជ​អាវុធហត្ថ​ជាច្រើន​ត្រូវ​គេ​ឃើញ​ដាក់​ពង្រាយ​នៅ​មុខ​វត្ត​នេះ​ពេញ ២៤ ម៉ោង ស្ទើរ​រាល់​ថ្ងៃ ដើម្បី​ផ្តល់​សុវត្ថិភាព​និង​សន្តិសុខ​ដល់​ប្រជា​ពលរដ្ឋ ក្នុង​រាជធានី។​លោក អៀង វុទ្ធី នាយក​នៃ​អង្គការ​សមធម៌​កម្ពុជា បាន​ថ្លែង កាល​ពី​ម្សិលមិញ​ថា លោក​មិន​បាន​ឮ អំពី​ការ​ចោទ​ប្រកាន់​អំពី​ករណី​នគរបាល​ទៅ​ឆែក​ឆេរ​វត្ត បទុមវតី នេះ​ទេ។ ប៉ុន្តែ ប្រសិន​បើ​ករណី​នោះ​កើត​ឡើង​ពិត​មែន វា​អាច​ជា​ផ្នែក​មួយ​នៃ​ការ​ប៉ុន​ប៉ង​របស់​រដ្ឋាភិបាល ដើម្បី​រារាំង​សំឡេង​ប្រឆាំង​ក្នុង​ចំណោម​ព្រះសង្ឃ។

លោក វុទ្ធី ថ្លែង​បន្ត​ថា៖ «វា​អាច​ជា​ហេតុ​ផល​របស់​ពួក​គេ​ដើម្បី​បំភិត​បំភ័យ​ព្រះសង្ឃ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​សង្គម»។

ភិក្ខុ ប៊ុត គឹមតេង មាន​ថេរដីកា​ដែរ​ថា ការ​បង្ហាញ​កម្លាំង​របស់​អាជ្ញាធរ​បាន​ក្លាយ​ជា វិធី​ទូទៅ​ធម្មតា សម្រាប់​ការ​ដាក់​សម្ពាធ​ទៅ​លើ​ព្រះសង្ឃ ដើម្បី​បំបិទ​សំឡេង​អ្នក​ប្រឆាំង​នៅ​ក្នុង​បញ្ហា​នយោបាយ។

ព្រះអង្គ​មាន​ថេរដីកា​ក្នុង​សន្និសីទ កាល​ពី​ថ្ងៃ​អង្គារ​ថា៖ «អាត្មា​មិន​មែន​កំពុង​រស់​នៅ​ក្នុង​សន្តិភាព និង​សុខដុម​ទេ តែ​កំពុង​រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច»៕ PS