គោលនៃជំនឿ

khmer cultureគោលនៃជំនឿ

យោ ច សទ្ទប្បរិត្តាសី     វនេ វាតមិគោ យថា

លហុចិត្តោតិ តំ អាហុ        នាស្ស សម្បជ្ជតេ វតំ ។«បុគ្គលណាភ្ញាក់ផ្អើលសម្លេងដូចឈ្លូសក្នុងព្រៃ បុគ្គលនោះហៅថា មានចិត្តស្រាល កិច្ចការរបស់បុគ្គលនោះរមែងមិនសម្រេច» ។ បុគ្គលដែលភ្ញាក់ផ្អើលសម្លេង ឈ្មោះថាជាអ្នកមានចិត្តស្រាល ពោលគឺ អ្នកមានត្រចៀកសឆាប់ជឿគេងាយនោះឯងខ្វះការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់សម្តែងថា កិច្ចការរបស់បុគ្គលនោះ រមែងមិនសម្រេចជោគជ័យ ។ ក្នុងកាលាមសូត្រនៃអង្គុត្តរនិកាយតិកនិបាត ព្រះសម្មាសម្ពុទ្ធជាម្ចាស់បានត្រាស់សម្តែងវិធីបដិបត្តិក្នុងរឿងដែលគួរឲ្យសង្ស័យ ឬគោលការណ៍នៃជំនឿសម្រាប់ជាគ្រឿងពិចារណាដល់អ្នកស្រុកកាលាមៈ មុននឹងជឿរឿងណាមួយថាពិតឬមិនពិត ចំនួន ១០ យ៉ាង ដូចតទៅនេះ

១)មា អនុស្សវេន
កុំអាលជឿព្រោះសេចក្តីរាយការណ៍ ។

២)មា បរម្បរាយ 
កុំអាលជឿព្រោះទំនៀមទម្លាប់។

៣)មា ឥតិកិរាយ
កុំអាលជឿព្រោះពាក្យចចាមអារ៉ាម
 ។

៤)មា បិដកសម្បទានេន
កុំអាលជឿព្រោះការអាងក្បួន ឬ គម្ពីរ ។

៥)មា តក្កហេតុ
កុំអាលជឿព្រោះតក្កវិជ្ជា ។

៦)មា នយហេតុ
កុំអាលជឿព្រោះអនុមានឬលំនឹកស្មាន ។

៧)មា អាការបរិវិតកេ្កន
កុំអាលជឿព្រោះការត្រិះរិះតាមស្ថានភាព ។

៨)មា ទិដ្ឋិនិជ្ឈានក្ខន្តិយា
កុំអាលជឿព្រោះត្រូវនឹងទ្រឹស្តីដែលពិនិត្យពិច័យហើយ។

៩)មា ភព្វរូបតាយ 
កុំអាលជឿព្រោះឃើញទំនងគួរឲ្យជឿ។

១០)មា សមណោ នោ គរូតិ
កុំអាលជឿព្រោះយល់ថា សមណៈឬបុគ្គលរូបនេះជាគ្រូរបស់យើង ។

បើដូច្នេះ តើយើងគួរជឿដូចម្តេច? ព្រះសម្មាសម្ពុទ្ធជាម្ចាស់បាន ត្រាស់ថា «លុះត្រាតែដឹងច្បាស់ដោយចិត្តរបស់ខ្លួនថា រឿងទាំងអស់នោះជាអកុសល ជាកុសល មានទោស មិនមានទោស ជាដើម ហើយទើបគួរលះបង់ចោល ឬ បដិបត្តិតាម ។

សុ.បិ./អំ.និ./តិ.និ./ទុ.ប./ម.វ./កាលាមសូត្រ/៤១/៦៧/២១៨